(សាធារណរដ្ឋកូរ៉េ)៖ តបតាមការអញ្ជើញ ពីសំណាក់ឯកឧត្ដម Lee Cheol Woo (លី ឆល់វូ) អភិបាលខេត្តក្យង់សាំងប៊ូកដូ នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម Lee Cheol Woo ដើម្បីពិភាក្សាលើវិស័យការងាររវាងប្រទេសទាំងពីរ និងការគាំពារពលករកម្ពុជា។
ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្តចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការងារ រួមទាំងការទទួលយកពលករកម្ពុជាតាមប្រព័ន្ធអនុញ្ញាតមុខរបរ និងតាមកម្មវិធីពលកររដូវកាល ពិសេសការគាំពារពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វេីការនៅក្នុងខេត្តក្យង់សាំងប៊ូកដូ។
ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីសម្រាប់ការអញ្ជេីញទស្សនកិច្ច និងបង្កេីនកិច្ចសហប្រតិបត្តិការនាពេលនេះ ដែលឯកឧត្តមអភិបាលខេត្តសង្ឃឹមថាភាគីទាំងពីរ នឹងទទួលលទ្ធផលជាវិជ្ជមានយ៉ាងច្រើនសម្រាប់ប្រទេសទាំងពីរនាពេលខាងមុខ។
តាមរយៈជំនួបពិភាក្សានេះ ភាគីទាំងពីរនឹងបន្តសហប្រតិបត្តិការគ្នាកាន់តែស្អិតរមួតបន្ថែមទៀត និងជួយអភិវឌ្ឍវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយអាចពង្រីកលើវិស័យសំខាន់ៗផ្សេងទៀត ជាពិសេសរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ឯកឧត្តមអភិបាលខេត្ត នឹងពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយជាសម្ភារ: ឧបករណ៍សម្រាប់បំពាក់នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវ: បង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ សិស្ស និស្សិត គ្រូបច្ចេកទេស ចែករំលែកនូវបទពិសោធន៍ប្រព័ន្ធបច្ចេកវិទ្យា រួមទាំងផ្តល់ជំនួយរថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះបន្ទាន់។
បន្ទាប់ពីជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានអញ្ជេីញទស្សនកិច្ចនៅសាលាបណ្តុះបណ្តាលពន្លត់អគ្គិភ័យក្យង់សាំងប៊ូកដូផងដែរ៕
ប្រភពអត្ថបទព័ត៌មាន៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (#MLVT #HENGSour)